នាព្រឹកថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាខេត្តសៀមរាប, លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្រ្តី ០២ រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងគោលបំណងផ្សព្វផ្សាយនូវឯកសារគោលស្តីពី រំហូរការងារគ្រប់គ្រងបុគ្គលិក និង លិខិតបទដ្ឋានគតិយុត្តថ្មីៗ ជូនថ្នាក់ដឹកនាំ និង តំណាង មកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងតំណាងមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមសរុបប្រមាណ ៤០០ នាក់ ។
គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ តម្លាភាព, គណនេយ្យភាព និង ប្រសិទ្ធភាព នៃការផ្តល់សេវាបុគ្គលិក នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាពិសេសនៅតាមបណ្តាអង្គភាពក្រោមឱវាទ តាមរយៈការពន្យល់បកស្រាយអំពី វិចារណកម្ម, នីតិវិធី, អត្ថប្រយោជន៍, បញ្ហាប្រឈម និង យន្តការសម្របសម្រួលរវាងនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន និង បណ្តាអង្គភាពក្រោមឱវាទក្រសួង, ព្រមទាំងការដោះស្រាយនូវរាល់ចម្ងល់ និង ក្តីបារម្ភ របស់មន្ត្រីជំនាញទទួលបន្ទុកការងារបុគ្គលិករបស់អង្គភាពចំណុះនានា ផងដែរ ។ ជាមួយគ្នានេះ, ដើម្បីធានាការយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីនៃការគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា និង បុគ្គលិកជាប់កិច្ចសន្យា មន្ត្រីជំនាញរបស់នាយកដ្ឋានបុគ្គលិក បានធ្វើបទបង្ហាញ ស្តីពីនីតិវិធីនៃ ការជ្រើសរើស, ការស្នើសុំប្រើប្រាស់, ការគ្រប់គ្រង, ការវាយតម្លៃការលើកទឹកចិត្ត, ការបន្តកិច្ចសន្យា និង ការដាក់ទណ្ឌកម្មវិន័យ ដូចមានកំណត់ក្នុងសារាចរលេខ ០០២ សហវ.សរ.អល ចុះថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣ ។